ព័ត៌មានលម្អិត

ផ្លូវជាតិលេខ១១ ភ្ជាប់និស្ស័យរវាងខេត្តព្រៃវែងនិងខេត្តត្បូងឃ្មុំ

ផ្លូវជាតិលេខ១១ ភ្ជាប់និស្ស័យរវាងខេត្តព្រៃវែងនិងខេត្តត្បូងឃ្មុំ
ផ្លូវជាតិលេខ១១ ភ្ជាប់និស្ស័យរវាងខេត្តព្រៃវែងនិងខេត្តត្បូងឃ្មុំ សម្រេចការសាងសង់បាន៩១,១៤% ហើយ

ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូAC គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សម្រេចការសាងសង់បានចំនួន ៩១,១៤ ភាគរយហើយ។

ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈ ប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សា បច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះគឺដើម្បីមើលចំណុចខ្វះខាតដែលនៅសេសសល់ ក៏ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ទាក់ ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួល បំពេញបន្ថែមលក្ខណៈបច្ចេក ទេស ឱ្យបានត្រឹមត្រូវ និងស្របតាមសៀវភៅបន្ទុក សំដៅធ្វើឱ្យផ្លូវនេះមាន គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ផ្លូវនេះមានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុង ព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែ ត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណត់ផ្លូវនេះជាកំណត់ ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែល ចាំបាច់ត្រូវពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះ សម្រេច បាន ៩១,១៤ភាគរយហើយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះបីមានបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលយ៉ាងណាក្ដី សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាននៅតែមានដំណើរការធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយសារការមកដល់នៃគ្រឿងក្រុមភាពយឺតយ៉ាវ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ។ ជាមួួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម័យតេជោសែន ផ្លូវត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកទាំងក្រុងប្រទេស និងក្នុងតំបន់ ពោលគឺយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសដោយមិនចាំបាច់ត្រឡប់ថយក៏បាន។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិយើង ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ៕

Source From: Business Cambodia